អគ្គអូឡាំពិកម្ពុជា ស្នើរអោយសហព័ន្ធកីឡាយូដូ ពង្រឹងទំនាក់ទំនងជាសហព័ន្ធអន្តរជាតិ ដើម្បីជួយពង្រឹងគុណភាពគ្រូបង្វឹក នៅកម្ពុជា
ថ្ងៃ អង្គារ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩

អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯ ឧ វ៉ាត់ ចំរើន ស្នើរអោយសហព័ន្ធកីឡាយូដូ ពង្រឹងទំនាក់ទំនងជាសហព័ន្ធអន្តរជាតិ ដើម្បីជួយពង្រឹងគុណភាពគ្រូបង្វឹក នៅកម្ពុជាអោយកាន់តែប្រសើរឡើងបន្ថែមទៀត ។
ការស្នើររបស់មន្រ្តីជាន់អូឡាំពិកកម្ពុជា ធ្វើឡើងក្នុងវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាយូដូ ដែលបានបើកឲ្យដំណើរការនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯ ឧ វ៉ាត់ ចំរើន ជំរុញឲ្យសហព័ន្ធកីឡាយូដូកម្ពុជា ត្រូវបង្កើនទំនាក់ទំនងជាមួយសហព័ន្ធកីឡាយូដូអន្តរជាតិ ដើម្បីឲ្យគាត់បន្តជួយជ្រោមជ្រែងដល់គុណភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ ឯ ឧ បញ្ជាក់ថា កម្ពុជាកំពុងឆ្ពោះទៅទទួលរៀបចំត្រៀមធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ ដូច្នេះយើងត្រូវបង្ហាញនូវកម្មវិធីផែនការគោលដៅ រៀបចំស៊ីហ្គេមរបស់ខ្លួន ក៏ដូចជាប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានខ្លាំងក្លាផងដែរ ជាមួយសហព័ន្ធអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសឲ្យទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការត្រៀមចូលរួមប្រកួតប្រជែង ក្នុងកម្រិតតំបន់ និងពិភពលោកផងដែរ ។ បើមិនដូច្នេះទេ ខាងសហព័ន្ធអន្តរជាតិ ក៏គេមិនដឹងថា ជួយយើងតាមរបៀបណានោះឡើយ ។
ឯ ឧ បន្ថែមទៀតថា ឆ្នាំនេះយើងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ហើយនៅឆ្នាំក្រោយយើងត្រូវរៀបចំវគ្គសិក្សាមន្ត្រីអាជ្ញាកណ្តាល ចៅក្រមកម្ពុជា ដើម្បីជំរុញឲ្យពួកគេក្លាយជាអាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិ ហើយការចេញទៅប្រឡង ឬការប្រកួតជាលក្ខណៈអន្តរជាតិនេះ កុំបារម្ភថា មិនថវិការឧបត្ថម្ភ ពីព្រោះបច្ចុប្បន្ន យើងមានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គឺមានថវិកាគ្រប់គ្រាន់ ដើម្បីគាំទ្រកញ្ចប់ថវិកាផ្តល់ជូនដល់សហព័ន្ធកីឡាជាតិនានា ដោយធ្វើយ៉ាងណាឲ្យ មានអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិសម្រាប់ជាតិរបស់ខ្លួន សម្រាប់បម្រើដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយមិនចាំបាច់ជួលអ្នកជំនាញអន្តរជាតិ ដោយក្នុង១ថ្ងៃ ១០០ដុល្លារ ហើយបើកម្ពុជា មានអ្នកជំនាញអន្តរជាតិខ្លួនឯង យើងនឹងទទួលបានកម្រៃឧបត្ថម្ភនេះ ។
សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាយូដូនេះ ចាប់ផ្តើមដំណើរការពីថ្ងៃទី០៣ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បង្រៀនដោយគ្រូឧទ្ទេស អញ្ជើញមកពីសហព័ន្ធកីឡាយូដូអន្តរជាតិ គឺលោក Amar Meridia  ៕


អត្ថបទទាក់ទង