វិទ្យាស្ថាន CamED បង្កើតវិញ្ញាសាថ្មី ដើម្បីផ្តល់ឱកាសឲ្យស្រ្តីបានចូលរួមច្រើន និងជំរុញឲ្យចេះធ្វើការជាក្រុម
ថ្ងៃ ច័ន្ទ ទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩

វិទ្យាស្ថាន CamED បង្កើតវិញ្ញាសាថ្មី ៣ទល់៣ ពានរង្វាន់បាល់បោះនារីជ្រើសរើសជើងឯក ជាលើកទី៥ នៅឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមាន១៦ ក្រុមចូលរួម ដើម្បីផ្តល់ឱកាសឲ្យនិស្សិតដែលស្រ្តីចូលរួមច្រើន ជាពិសេសបង្កើនសាមគ្គីភាព មិត្តភាព និងជំរុញឲ្យចេះធ្វើការជាក្រុមកាន់តែខ្លាំង។

នាយកវិទ្យាស្ថាន CamEd លោក Cassey Barnettបញ្ជាក់ទៀតថា ឆ្នាំ២០១៩នេះ ចំនួនក្រុមចូលរួមមានការកើនឡើង ជាងឆ្នាំមុន ហើយអ្វីដែលប្លែកនោះ វិទ្យាស្ថានសម្រេចចិត្តជ្រើសរើសវិញ្ញាសា ៣ទល់នឹង៣ យកមកធ្វើការប្រកួត ដើម្បីស្វែងរកកីឡាការិនីខ្លាំងៗ ត្រៀមចូលរួមប្រកួតកីឡាសកលវិទ្យាល័យ ឆ្នាំ២០២០ តមតាមការលើកទឹកចិត្ត ពីមន្រ្តីជាន់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំ ពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា។

ដោយឡែកនិសិ្សតវិទ្យាស្ថាន CamEd បានឲ្យដឹងថា កីឡា គឺជាចំណែកសំខាន់មួយ ជួយក្នុងការសិក្សា ជាពិសេសសុខភាព និងពន្លឿនខួរក្បាល បង្កើនភាពឆ្លាតវៃ  រួមទាំងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងគ្នាផងដែរ។
គួររំលឹកថា កីឡាបាល់បោះនារី ជាប្រភេទកីឡាដ៏មានសក្តានុពលមួយរបស់វិទ្យាស្ថាន CamEd ដោយធ្លាប់ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១ និងជាក្រុមជើងឯក៣ឆ្នាំ ជាប់ៗ គ្នា ពីការប្រកួតកីឡាឧត្តមសិក្សាផងដែរ។

សូមបញ្ជាក់ថា វិទ្យាស្ថាន CamEd Business School តែងតែរៀបចំ ការប្រកួតកីឡាជារៀងរាល់ឆ្នាំ សម្រាប់និស្សិតរបស់ខ្លួន ដូចជា បាល់បោះ បុរស-នារី បាល់ទាត់បុរស-នារី  អត្តពលកម្ម ប៉េតង់ ហើយឆ្នាំក្រោយគ្រោងនឹងបង្កើនកីឡាហែលទឹកមួយទៀត៕ធ.ដ


អត្ថបទទាក់ទង