សហព័ន្ធបាល់ទាត់ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិហ្វឹកហាត់ ត្រៀមប្រកួតបើកឆាក ជាមួយហុងកុង វគ្គជម្រុះជុំទី២ FIFA World Cup
ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ សីហា ឆ្នាំ ២០១៩

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះបឋមក្រុមកីឡាបាល់ទាត់កម្ពុជារបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតវគ្គជម្រុះជុំទី២ ក្នុងពូល C ដោយបើកឆាកជាមួយក្រុមហុងកុង នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022។

បញ្ជីឈ្មោះផ្លូវការបឋមនេះបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាដឹកនាំដោយគ្រូបង្គោល លោក Felix G. Dalmas, អ្នកចាត់ការទូទៅ លោក Keisuke HONDA រួមទាំងអ្នកចាត់ការក្រុម គ្រូជំនួយ មន្ត្រីផ្នែកនានាសរុប ចំនួន១៣នាក់ ខណៈកីឡាករមានចំនួន៣៥នាក់ មកពីក្លិបបឹងកេត ៤នាក់, ក្រសួងការពារជាតិ ៣នាក់, ណាហ្គា វើលដ៏ ៤នាក់, ភ្នំពេញក្រោន ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, វិសាខា១០នាក់ និងមកពីក្លិបអង្គរថាយហ្គឺរ សាលាបាល់ទាត់ជាតិបាទី គីរីវង់សុខ សែនជ័យ ម្នាក់ៗដូចគ្នា។

វគ្គជម្រុះជុំទី២ ក្នុងពូល C នេះមាន៖ ក្រុមជម្រើសជាតិអ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និងក្រុមជម្រើសជាតិកម្ពុជា។ គេហទំព័រ FIFA បានបង្ហាញកម្មវិធីប្រកួតផ្លូវការថា សម្រាប់ជើងទី១ ម្ចាស់ ផ្ទះក្រុមជម្រើសជាតិកម្ពុជា នឹងបើកការស្វាគមន៍ក្រុមភ្ញៀវ ហុងកុង មុនគេ វេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីដ្ឋានជាតិ ហើយនៅថ្ងៃទី១០ ខែកញ្ញា ក្រុមម្ចាស់ផ្ទះ កម្ពុជា នឹងបន្តជួបក្រុមបារ៉ែន វេលាម៉ោង ៦:៣០នាទីល្ងាចដូចគ្នា។ នៅថ្ងៃទី១០ តុលា ២០១៩ ក្រុមកម្ពុជា ទៅប្រកួតក្រៅទឹកដីជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់ ហើយនៅថ្ងៃទី១៥ ខែតុលា កម្ពុជានឹងបើកកីឡដ្ឋាន របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ អ៊ីរ៉ាក់។

សម្រាប់ជើងទី២ ក្រុមកម្ពុជា នឹងត្រូវបន្តជួបជាមួយ៤ក្រុមដដែល ផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ ដែលជើងទី២ ក្នុងពូល C នេះ នឹងត្រូវដំណើរការពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ដើម្បីកាត់សេចក្តីថា តើក្រុមខ្លាំងៗណាខ្លះឈ្នះកៅអីនៅជុំទី២ ឡើងទៅប្រកួតនៅជុំទី៣ ជាបន្តទៀត។

សូមបញ្ជាក់ថា វគ្គជម្រុះជុំទី២ ក្នុងទ្វីបអាស៊ីទាំងមូលមាន៤០ក្រុម ចែកចេញជា៨ពូល ហើយ លេខ១ ក្នុងពូលទាំង៨ នឹងបានឡើងទៅជុំទី៣ ដោយស្វ័យប្រវត្តិ ខណៈ៤ក្រុម ដែលឈរនៅចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ ក្នុងពូលទាំង៨ នឹងត្រូវបានជ្រើសរើសយកទៅប្រកួតបង្គ្រប់១២ក្រុម នៅជុំទី៣ នៃទ្វីបអាស៊ី ៕ធ.ដ


អត្ថបទទាក់ទង