សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសដំណឹងដល់ក្រុមបាល់ទាត់មកដាក់ពាក្យ ចូលរួមប្រកួតពានរង្វាន់ Soccer league លើកទី៥
ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ សីហា ឆ្នាំ ២០១៩

សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹងដល់បណ្តក្រុមបាល់ទាត់ ដែលមានបំណងបញ្ជូនក្រុមបាល់ទាត់របស់ខ្លួន ចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ការប្រកួតបាល់ទាត់ Soccer league លើកទី៥ ឆ្នាំ២០១៩ ដែលគ្រោងដំណើរការប្រកួតផ្លូវការ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សូមអញ្ជើញមកដាក់ពាក្យចូលរួមនៅទីស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡដ្ឋានជាតិ ដោយចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ យោងតាមលេចក្តីប្រកាសជូនដំណឹងនេះ បានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលជាសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង២៥រាជធានីខេត្ត វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ក្រសួង មន្ទីរ ស្ថាប័ន និងខណ្ឌទាំងអស់ អនុញ្ញាតឲ្យដាក់ពាក្យចូលរួមប្រកួត ក្នុងពានរង្វាន់មួយនេះបាន។

រីឯកីឡាករដែលចូលរួមប្រកួតបាន គឺមានអាយុចាប់ពី១៧ឆ្នាំឡើងទៅ និងជាជនជាតិខ្មែរ។ កីឡាករដែលមិនមាន នៅក្នុងបញ្ជីឈ្មោះក្របខ័ណ្ឌរបស់ក្លិបចូលរួមបាល់ទាត់ក្របខ័ណ្ឌថ្នាក់ជាតិលីគចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន។ ក្រុមនីមួយៗ ត្រូវទទួលខុសត្រូវចំពោះសុខភាពកីឡាករ និងក្រុមរបស់ខ្លួនអំឡុងប្រកួត។ ក្រុមនីមួយៗត្រូវចុះឈ្មោះកីឡាករ ក្នុងបញ្ជីចូលរួមប្រកួតចំនួន២០នាក់ និងមន្រ្តីចំនួន៥នាក់។ ដោយឡែក សម្រាប់ការចុះឈ្មោះមានកំណត់សម្គាល់ដូចជា ពាក្យសុំសិទ្ធិចូលរួមប្រកួត ត្រូវគោរពតាមសេចក្តីប្រកាស ដូចជាបញ្ជីឈ្មោះមន្រ្តី បញ្ជីឈ្មោះកីឡាករ និងឡូហ្គោតំណាងក្លិប។ ក្រុមនីមួយៗ ត្រូវតម្កល់ទឹកប្រាក់ទុកចំនួន១លានរៀន ហើយពេលបញ្ចប់ការប្រកួតគណៈកម្មាការរៀបចំការប្រកួតនឹងប្រគល់ទឹកប្រាក់ជូនវិញ។ តែបើក្លិបណាមិនគោរព ទៅតាមលក្ខន្តិកៈ ឬបោះបង់ចោលការប្រកួត គណៈកម្មាការនឹងយកទៅចាត់ចែងច្បាប់។

ចំពោះប្រាក់រង្វាន់ជ័យលាភីវិញ លេខ១ ទទួលបានពានមួយ មេដាយ២៥គ្រឿង និងប្រាក់២០លានរៀល ។ លេខ២ ទទួលបានមេដាយ ប្រាក់២៥គ្រឿង និងប្រាក់ចំនួន១០លានរៀល។ ក្រុមចំណាត់លេខ៣ ទទួលបានមេដាយសំរឹទ្ធិ២៥គ្រឿង និងប្រាក់៥លានរៀល។ ចំពោះក្រុម Fair Play ទទួលបានទឹកប្រាក់លើកទឹកចិត្ត២លានរៀល។ ក្រុមអាជ្ញាកណ្តាលល្អជាងគេ ទទួលបានប្រាក់លើក ទឹកចិត្ត១លានរៀន។

កីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេ ទទួលបាន១លានរៀល។ អ្នកចាំទីល្អ ជាងគេ ទទួលបាន១លានរៀល និងគ្រូល្អជាងគេទទួលបាន១លានរៀល។ សូមជម្រាប់ថា ពានរង្វាន់ Soccer leagueនេះ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ រឹតចំណង មិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសឲ្យយុវជនបានលេង កីឡាករ ដើម្បីសុខភាព និងពីអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕ធ.ដ


អត្ថបទទាក់ទង