Sanchez នឹងទៅចូលរួមជាមួយ Inter Milan ជាលក្ខណៈខ្ចីជើង
ថ្ងៃ ពុធ ទី ២៨ ខែ សីហា ឆ្នាំ ២០១៩

ក្លិបបិសាចក្រហម Manchester United យល់ព្រមឲ្យខ្សែប្រយុទ្ធ Alexis Sanchez ទៅចូលរួមជាមួយ Inter Milan ជាលក្ខណៈខ្ចីជើង។ គ្រូបង្វឹក Inter លោក Antonio Conte ចង់បានកីឡាករម្នាក់នេះ មុនទីផ្សារដោះដូរកីឡាករ នៅអឺរ៉ុបត្រូវបិទនៅថ្ងៃទី០២កញ្ញា។

ប្រសិនបើ កិច្ចព្រមព្រៀងនេះដំណើការយ៉ាងរលូន Sanchez នឹងទៅលេងជាមួយអតីតមិត្តរួមក្រុម Romelu Lukaku ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកទៅចូលរួមជាមួយក្លិបនេះមុន ក្នុងតម្លៃ៧៤លានផោន។ ក្នុងនាមជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅ Man Utd, Sanchez ត្រូវបានគេដឹងថានឹងទទួលបានប្រាក់ឈ្នួល៤០ម៉ឺនផោនក្នុងមួយអាទិត្យ ដែលចំនួនប្រាក់ឈ្នួលនេះគឺលើសពីអ្វីដែល Inter បច្ចុប្បន្នអាចរ៉ាប់រងបាន។

គេសន្និដ្ឋានថា United នឹងជួយចេញផ្នែកខ្លះនៃប្រាក់ឈ្នួលរបស់ Sanchez បញ្ជូលទៅលើកិច្ចព្រមព្រៀងនេះ ហើយកាលពីសប្ដាហ៍មុន Inter ស្នើសុំចំណាយលើប្រាក់ខែ Sanchez តែ១៥ម៉ឺនផោនប៉ុណ្ណោះក្នុងមួយអាទិត្យប៉ុន្តែ Man Utd ចង់ឲ្យក្លិបអ៊ីតាលីចេញច្រើនជាងនេះទៅទៀត។

គួររំលឹកថា រយៈពេល១៩ខែនៅ Old Trafford ខ្សែប្រយុទ្ធ Alexis Sanchez រកបានត្រឹម៥គ្រាប់ក្នុងការបង្ហាញខ្លួន៤៥ប្រកួត។ រដូវកាលមុនរកបាន២គ្រាប់ហើយមួយគ្រាប់រកបានក្នុង Premier League៕ធ.ដ


អត្ថបទទាក់ទង