សហព័ន្ធកីឡាទាញព្រ័ត្រ បញ្ជូនអត្តពលិក២៧រូប ទៅប្រជែងព្រឹត្តិការណ៍កម្រិតអន្តរជាតិ នៅម៉ាឡេស៊ី
ថ្ងៃ ពុធ ទី ២៨ ខែ សីហា ឆ្នាំ ២០១៩

សហព័ន្ធកីឡាទាញព្រ័ត្រ បញ្ជូនអត្តពលិក២៧រូប ទៅប្រជែងព្រឹត្តិការណ៍កម្រិតអន្តរជាតិ ដែលមានអត្តពលិកមកពីជាង៣០ប្រទេស នៅម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដកស្រង់បច្ចេកទេស ជាពិសេស សិក្សាស្វែងយល់ យកមករៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិនៅកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ។ ការថ្លែងបែបនេះធ្វើឡើង ក្នុងបទសម្ភាសន៍ជាមួយ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរនាល្ងាចម្សិលមិញ។

កញ្ញា មាស តឿ ជំនួយការប្រធានសហព័ន្ធ បានឲ្យដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប២៧នាក់ ទៅចូលរួមព្រឹត្តិការណ៍ Club Championship នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានអត្តពលិកជាង៦០ក្លិប មកពី៣០ប្រទេសចូលរួម។ ជំនួយការជាស្រ្តីរូបនេះ បញ្ជាក់ទៀតថា ការចូលរួមលើកនេះ សហព័ន្ធជាអ្នករាប់រងទាំងស្រុង ទាំងការហូបចុកស្នាក់នៅ ការធ្វើដំណើរ ព្រមទាំងបង់សិទ្ធិចូលរួមប្រកួតផងដែរ។

ឯកឧត្តម មាស សារិន បន្ថែមថា ព្រឹត្តការណ៍ខាងលើនេះ នឹងផ្តល់បទពិសោធន៍ បច្ចេកទេស រួមទាំងអត្ថប្រយោជន៍ជាច្រើនសម្រាប់អត្តពលិក គ្រូបង្វឹក មន្រ្តីបច្ចេកទេស ទាក់ទងនឹងវិញ្ញាសាថ្មីៗ ដូចជាការប្រកួតក្រៅសាល និងក្នុងសាល។ ឯកឧត្តម បន្តថា ឆ្នាំ២០២០ សហព័ន្ធកីឡាទាញព្រ័ត្រ គ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិបែបនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

សូមបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកកម្រិតអាស៊ី នៅប្រទេសថៃ នៅថ្ងៃទី១៣ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ


អត្ថបទទាក់ទង