ក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ពិភពលោក ក្រោយចាញ់សិង្ហបុរី នៅប្រទេសថៃ
ថ្ងៃ អង្គារ ទី ២៧ ខែ សីហា ឆ្នាំ ២០១៩

បាងកក៖ ក្រុមកីឡាករសីដក់ជម្រើសជាតិកម្ពុជា បានទទួលត្រឹមមេដាយប្រាក់ ក្រោយចាញ់ក្រុមសីដក់ជម្រើសជាតិសិង្ហបុរី លើវិញ្ញាសាបុរស ២នាក់ទល់នឹង ២នាក់ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច ក្នុងការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកពិភពលោក លើកទី៣៤ ឆ្នាំ២០១៩ នៅប្រទេសថៃ។

សម្រាប់ក្រុមសីដក់កម្ពុជា គឺមានកីឡាករ នុត វិសាល, ណុំ ហាប់ឈុន និងកីឡាករ សេន ស៊ីអ៊ិ។ ជាលទ្ធផលប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយសិង្ហបុរី សិតទី១ កម្ពុជាបានចាញ់ ១៣-២១ពិន្ទុ និងសិតទី២ កម្ពុជា ចាញ់ ១៨-២១ពិន្ទុ ដែលធ្វើឲ្យកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ គ្រាដែលក្រុមសីដក់សិង្ហបុរី ទទួលបានមេដាយមាស លើវិញ្ញាសា ២នាក់ទល់នឹង២នាក់។

សូមរំឭកថា មុនបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមសីដក់កម្ពុជាបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រួមមានយកឈ្នះក្រុមសីដក់ស្វីស នេប៉ាល់ និងអាហ្វហ្កានីស្ថាន ក្នុងពូល ហើយបានទម្លាក់ក្រុមសីដក់អូម៉ង់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សូមបញ្ជាក់ថា ស្អែកនេះកម្ពុជា ត្រូវបន្ដការប្រកួត២វិញ្ញាសាទៀត គឺវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ បុរស និងនារី៕ធ.ដ


អត្ថបទទាក់ទង