សហព័ន្ធកីឡាជាតិ ដែលមានបញ្ហាផ្ទៃក្នុង ឬអសកម្មក្នុងការដឹកនាំ CAMSOC មិនរង់ចាំសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម-២០២៣ទេ
ថ្ងៃ ច័ន្ទ ទី ២៦ ខែ សីហា ឆ្នាំ ២០១៩

សហព័ន្ធកីឡាជាតិ ដែលមានបញ្ហាផ្ទៃក្នុង ឬអសកម្មក្នុងការងារដឹកនាំគ្រប់គ្រងរបស់ខ្លួន គឺ CAMSOC មិនរង់ចាំទេ គឺត្រូវដើរឆ្ពោះទៅមុខជានិច្ច មិនធាក់ថយនោះទេ សម្រាប់សហព័ន្ធនឹងត្រូវចូលរួម ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវឆាប់រៀបចំឆាប់កែទម្រង់ និងឆាប់ដើរឲ្យទាន់ ពីព្រោះ CAMSOC មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់សហព័ន្ធទេ។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្នុងសិក្ខាសិលាណែនាំដល់សហព័ន្ធកីឡាជាតិទាំងអស់ ស្វែងយល់ស្តីពីនីតិវិធី បែបបទរដ្ឋបាល និងហិរញ្ញវត្ថុ សម្រាប់គម្រោងស្នើសុំថវិកា កម្មវិធីអភិវឌ្ឍន៍អត្តពលិកប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្តទៀតថា CAMSOC ត្រៀមជានិច្ចក្នុងការជួយគាំទ្រ និងឧបត្ថម្ភ សម្រាប់ដល់ដំណើរការនៃការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣។ អ៊ីចឹងមានន័យថា សហព័ន្ធដែលមានឈ្មោះបានចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ គឺជាសហព័ន្ធមួយមានភាពរឹងមាំត្រូវយូរអង្វែងរាប់សិបឆ្នាំទៀត បន្ទាប់ពីស៊ីហ្គេម។ អគ្គលេខាធិការរូបនេះ បានបន្ថែមថា ចំពោះសហព័ន្ធដែលមានបញ្ហាផ្ទៃក្នុង មិនទទួលបានការឧបត្ថម្ភពេញទំហឹងទេ ដូច្នេះត្រូវចាប់ផ្តើមកែសម្រួល ប៉ុន្តែចំពោះសហព័ន្ធដែលមានផ្ទៃក្នុង និងរចនាសម័ន្ធល្អគឺដើរទៅមុខហើយ។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ឆ្នាំក្រោយនេះគណៈកម្មការនឹងធ្វើការវាយតម្លៃម្តងទៀត ហើយឆ្នាំ២០២១ នឹងបញ្ចប់ការវាយតម្លៃថា សហព័ន្ធណាបានចូលរួមស៊ីហ្គេម និងសហព័ន្ធណាមិនបានចូលរួម។

ដោយឡែកនៅក្នុងសិក្ខាសិលានេះដែរ ឯកឧត្តម ប៉ូ រតនា អគ្គលេខាធិការរង CAMSOC ក៏បានធ្វើបទបង្ហាញអំពីនីតិវិធីហិរញ្ញវត្ថុ ក្នុងការរៀបចំគម្រោងស្នើសុំថវិកា សម្រាប់កម្មវិធីអភិវឌ្ឍន៍អត្តពលិកតាមជំនាញប្រភេទកីឡានីមួយៗសម្រាប់ការហ្វឹកហាត់ និងការបណ្តុះបណ្តាលនៅក្រៅប្រទេស រយៈពេលខ្លីមធ្យម និងរយៈពេលវែង ក៏ដូចជាការផ្ដល់ញ្ចប់ថវិកាសម្រាប់ការប្រកួតជើងឯក និងការប្រកួតជម្រុះអូឡាំពិក ឬឡើងចំណាត់ថ្នាក់ (Ranking) ជាផ្លូវការរបស់សហព័ន្ធកីឡាអន្តរជាតិផងដែរ ។

គួរបញ្ជាក់ថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានផែនការច្បាស់លាស់ ក្នុងការតម្រង់ទិសដល់សហព័ន្ធ កីឡាជាតិទាំងអស់មានកាតព្វកិច្ច និងកំណត់គោលដៅ ក្នុងការទទួលខុសត្រូវចំពោះជាតិទាំងមូល សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ៕ធ.ដ


អត្ថបទទាក់ទង