CAMSOC រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីបែបរដ្ឋបាល និងហិរញ្ញវត្ថុ
ថ្ងៃ សៅរ៏ ទី ២៤ ខែ សីហា ឆ្នាំ ២០១៩

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានរៀបចំសិក្ខាសាលា ស្តីពីនីតិវិធីបែបបទរដ្ឋបាល និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍ថា សិក្ខាសាលានេះផ្តោតសំខាន់លើកិច្ច ពិភាក្សាគ្នាជាមួយសហព័ន្ធកីឡាជាតិនានា រួមទាំងភាគីពាក់ព័ន្ធ ដែលត្រូវចាប់ដៃគ្នា ក្នុងដំណើរការរដ្ឋបាល ក៏ដូចជានីតិវិធីហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ជូនថា ការចាប់ផ្តើមដំបូងនេះមានការលំបាកបន្តិច ប៉ុន្តែបើយើង យល់គ្នាល្អ លើកំណែទម្រង់យន្តការអភិវឌ្ឍផែនការធនធានមនុស្ស កីឡាករ កីឡាការិនី និងមន្ត្រីកីឡា ពេលនោះយើងនឹងធ្វើការរួមគ្នាដោយរលូន ដោយ ចាប់ពីពេលនេះតទៅយើងចាប់ផ្តើមសម្រួចគោលដៅគុណភាព សមត្ថភាពមន្ត្រីកីឡា ជាពិសេសគឺសហព័ន្ធកីឡាជាតិ ដើម្បីធ្វើឲ្យមានភាពច្បាស់លាស់។

ឯកឧត្តមអគ្គលេខាធិការអះអាងទៀតថា ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺយើងនៅសល់ពេលប្រហែល ៣ឆ្នាំកន្លះទៀត ឬនៅសល់ ១៣០០ថ្ងៃ ហើយបើគិតទៅតាមនិយាមនៃទ្រឹស្តី កីឡា សម្រាប់ការអភិវឌ្ឍបច្ចេកទេសគឺមានរយៈពេលខើចបន្តិច ពីព្រោះថា ការកសាងអត្តពលិកម្នាក់ឲ្យក្លាយ ជាជើងឯក ត្រូវការចំណាយពេលពី៥ទៅ១០ឆ្នាំទើបអាចទទួលបាននូវផលដល់កម្រិតកំពូលមួយ។ ប៉ុន្តែសហព័ន្ធកីឡាមួយចំនួនមានផែនការអភិវឌ្ឍរបស់ខ្លួនយូរឆ្នាំហើយពោលគឺ៨-៩ ឆ្នាំមុន បន្ទាប់មកកម្ពុជាបានប្រកាស ការទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាំងពីឆ្នាំ២០១៦ មកម្លេះ។

ប៉ុន្តែការរីកចម្រើនរបស់ប្រភេទ កីឡាកម្ពុជាមិនដូចគ្នាទេ ដោយសហព័ន្ធកីឡាខ្លះលូតលឿនទៅមុខ សហព័ន្ធខ្លះនៅឆ្ងាយ ហើយសហព័ន្ធ ខ្លះទៀត ស្ថិតនៅកណ្តាលនៃការអភិវឌ្ឍរបស់ខ្លួន។ ដូច្នេះដើម្បីឲ្យសម្រេចបាននូវជោគជ័យជាប្រវត្តិសាស្រ្ត ក្នុង ឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តមបានជំរុញលើកទឹកចិត្ត និងឲ្យសហព័ន្ធត្រូវបង្កើន ការយកចិត្តទុកដាក់ខិតខំទាំងអស់គ្នា ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយធ្វើយ៉ាងណាឲ្យការអភិវឌ្ឍរបស់ សហព័ន្ធ កីឡាករ កីឡាការិនី ខិតជិតមកកៀកនឹងគ្នា។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក៏ ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានផែនការច្បាស់លាស់ក្នុងការតម្រង់ទិសដល់សហព័ន្ធ កីឡាជាតិទាំងអស់មានកាតព្វកិច្ច និងកំណត់គោលដៅ ក្នុងការទទួលខុសត្រូវចំពោះជាតិទាំងមូល សម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធីបែបរដ្ឋបាល និងហិរញ្ញវត្ថុនេះ ឯកឧត្តម ប៉ូ រតនា អគ្គលេខា ធិការរង និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើបទបង្ហាញអំពីនីតិវិធីហិរញ្ញវត្ថុក្នុងការរៀបចំគម្រោងស្នើសុំ ថវិកា សម្រាប់កម្មវិធីអភិវឌ្ឍអត្តពលិកតាមជំនាញប្រភេទកីឡានីមួយៗ សម្រាប់ការហ្វឹកហាត់ និងការបណ្តុះ បណ្តាលនៅក្រៅប្រទេស រយៈពេលខ្លី មធ្យម និងរយៈពេលវែង។

ឯកឧត្តមក៏បានលើកឡើងនូវបែបបទនៃការ ផ្តល់កញ្ចប់ថវិកាសម្រាប់ការប្រកួតជើងឯក និងការប្រកួតជម្រុះអូឡាំពិក ប្រកួតឡើងចំណាត់ថ្នាក់ (Ranking) ជាផ្លូវការរបស់សហព័ន្ធកីឡាអន្តរជាតិ។ ជាមួយគ្នានេះ អ្នកជំនាញហិរញ្ញវត្ថុ និងផ្គត់ផ្គង់រូបនេះបានពន្យល់នូវ សេចក្តីលម្អិតយ៉ាងក្បោះក្បាយជូនដល់មន្ត្រីសហព័ន្ធកីឡាជាតិនានា ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីបានស្វែង យល់អំពីនីតិវិធី បែបបទ របាយការណ៍ ក្នុងការស្នើសុំ ដើម្បីឲ្យស្របតាមគោលការណ៍ និងការណែនាំប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមជាមួយនឹងការធានាឲ្យបានដល់គោលការណ៍ចីរភាព តម្លាភាព គណនី ភាព សុចរិតភាព និងស័ក្តិសិទ្ធភាព ដែលមានចែងជាធរមាន ក្នុង “ផែនការមេឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ ការប្រកួត កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលទទួលបានការឯកភាពទាំងស្រុងពីគណៈរដ្ឋ មន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦៕ធ.ដ


អត្ថបទទាក់ទង