ឯកឧត្តម វ៉ាត់ ចំរើន៖ ចាប់ពីឆ្នាំ២០២០តទៅ នឹងប្រើប្រាស់ស្លាកសញ្ញា និងនិមិត្តរូប ក្រោយពីបើកទូលាយឲ្យមានការប្រឡងប្រណាំងជាសាធារណៈ
ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍នៅក្នុងសន្និសីទសារពត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះថា ចាប់ពីឆ្នាំ២០២០តទៅ យើងនឹងប្រើប្រាស់គំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» សម្រាប់ SEA Games 2023 ជាផ្លូវការ បន្ទាប់ពីបើកទូលាយឲ្យមានការដាក់ប្រឡងប្រណាំងស្នាដៃពីប្រជាពលរដ្ឋខ្មែរ ដែលបានប្រកាសជូនដំណឹងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តមអគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា សន្និសីទសារពត៌មាន នៅថ្ងៃនេះ ផ្តោតសំខាន់លើការរៀបចំស្វែងរកការប្រឡងប្រណាំងជ្រើសរើសគំនូរជាសាធារណៈនូវការគូរគំនូរស្លាកសញ្ញា «Logo» និងមិនិត្តរូប «Mascot» របស់សត្វ ដែលតំណាងឲ្យប្រពៃណីទំនៀមទម្លាប់ វប្បធម៌ជាតិរបស់យើង ក្នុងគោលដៅប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ។

ការប្រឡងប្រណាំងស្នាដែគំនូរនេះ គឺបើកឲ្យមហាជនទូទៅ យុវជន ជាពិសេសគឺអ្នកជំនាញគូររូប ដែលត្រូវបានកំណត់បេក្ខជនមានអាយុចាប់ពី១៥ឆ្នាំឡើង។ ក្រោមការចង្អុល បង្ហាញពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានសង្កត់ធ្ងន់លើទិដ្ឋភាព «Logo» និង «Mascot» ត្រូវ តែមានភាពទាក់ទាញ ក្នុងខ្លឹមសារល្អ ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ក្រោមប្រធានបទ «សុភាទន្សាយ» ដែល មានចរិតលក្ខណៈ ជាខ្មែរ។

ចំពោះអ្នកទទួលបាននូវជ័យលាភីនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត (មិនតិចពាន់ដុល្លារទេ) ដោយតម្កល់ទុកស្នាដៃរបស់បេក្ខជនជ័យលាភីជាប្រវត្តិសាស្រ្ត សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយបេក្ខជនជ័យលាភីនោះ នឹងទទួលបានកិត្តិយសដ៏ធំធេងជាទូតសុឆន្ទៈ និងជាភ្ញៀវកិត្តិយសគ្រប់កម្មវិធីទាំងអស់ របស់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញនូវគោលការណ៍នៃការប្រកួតប្រជែងស្នាដៃ «Logo» និង «Mascot» នេះថា ហេតុអីបានជា CAMSOC មិនប្រកួតប្រជែងត្រឹមតែអ្នកជំនាញគំនូរ ពីព្រោះថា ការរៀបចំស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តលើកទី១ ក្នុងការទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងរបស់កម្ពុជានេះ គឺជារបស់ជាតិទាំងមូលរបស់ប្រជាជនខ្មែរទូទាំងប្រទេសទាំងមូល ជាអ្នកចូលរួមទាំងអស់គ្នា ដូច្នេះការប្រកួត នេះមិនត្រូវធ្វើក្នុងលក្ខណៈចង្អៀតទេ ហើយប្រជាពលរដ្ឋទាំងអស់គឺជាម្ចាស់ផ្ទះ ជាអ្នកទទួលខុសត្រូវរួមគ្នា ក្នុងការជំរុញឲ្យការរៀបចំប្រកួតដ៏ធំជាប្រវត្តិសាស្ត្រនេះទទួលបានជោគជ័យ។

សូមបញ្ជាក់ជូនថា ការចូលរួមប្រឡងប្រណាំងនេះមាន៥លក្ខខណ្ឌ ពោលគឺទី១)បេក្ខជន ទាំងពីរភេទ មានអាយុ ចាប់ពី១៥ឆ្នាំឡើង ទី២)ជនជាតិខ្មែរ-សញ្ជាតិខ្មែរ ទី៣)គោរពតាមការវិនិច្ឆ័យរបស់ CAMSOC ក្នុងការជ្រើស រើសជ័យលាភី ទី៤)ជ័យលាភីត្រូវផ្តល់ សិទ្ធិប្រើ ប្រាស់ Logo-Mascot ជាស្នាដៃរបស់ជ័យលាភីផ្តាច់មុខជូនដល់ CAMSOC និងទី៥)ជ័យលាភីនឹងទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ ក្នុងកម្មវិធីប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ថែមទៀត។ គ្រប់ស្នាដៃរបស់បេក្ខជនត្រូវផ្ញើសំណៅដើមឲ្យបានមុន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលេខាធិការដ្ឋាន CAMSOC នៃអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិ កម្ពុជា (NOCC)៕ធ.ដ


អត្ថបទទាក់ទង