ជនជាតិចិនជាង៣០០នាក់ ត្រូវបានឃាត់ខ្លួននៅក្រុងបាវិត ក្នុងនោះមាន២៧នាក់ សមត្ថកិច្ចចិនកំពុងតាមចាប់
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ សីហា ឆ្នាំ ២០១៩

ស្វាយរៀង៖ សមត្ថកិច្ចកម្ពុជា បានរកឃើញមានបុរសស្ត្រីជនជាតិចិនចំនួន២៧នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយពុំមានឯកសារផ្លូវច្បាប់ និងមានឈ្មោះក្នុងបញ្ជីមុខសញ្ញាស្វែងរកចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាលប្រទេសចិន បន្ទាប់ពីនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែសីហា បានចុះធ្វើការត្រួតពិនិត្យជនបរទេសនៅទីតាំងអគារគ្មានលេខ មានកម្ពស់៨ជាន់មួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានធ្វើការឃាត់ខ្លួនជនបរទេសសរុបចំនួន៣៦៦នាក់ (ស្រី៨២នាក់) និងវៀតណាម១នាក់។

ជនជាតិចិនដែលមានឈ្មោះក្នុងបញ្ជីស្វែងរកចាប់ខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូនមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី។ ចំណែកជនបរទេស (ចិន) ចំនួន៣៣៩នាក់ ដែលមិនមានឈ្មោះជាប់ពាក់ព័ន្ធក្នុងបញ្ជីរបស់សមត្ថកិច្ចចិន ក្រុមប្រតិបត្តិការចម្រុះ បានសម្រេចទុករយៈពេលមួយសប្តាហ៍ ឲ្យអ្នកទទួលខុសត្រូវក្រុមហ៊ុនយកឯកសារមកបង្ហាញសមត្ថកិច្ចកម្ពុជាឲ្យទាន់ពេលកំណត់។ ក្រោយមក សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យជនជាតិចិន ដែលសមត្ថកិច្ចចិនតាមរកនោះ មកកាន់អគ្គនាយកដ្ឋានអន្តោតប្រវេសន៍រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២យប់ថ្ងៃដដែលផងដែរ៕ម.ន


អត្ថបទទាក់ទង