ទេសរដ្ឋមន្ត្រី លី ធុជ នាំយកអំណោយរបស់អង្គការ ការីតាសកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២ភូមិ នៅស្រុកលំផាត់
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

រតនគីរី៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគីរី អមដំណើរដោយលោក គិត ទ្រី អភិបាលរងខេត្ត បាននាំយកអំណោយរបស់អង្គការ ការីតាសកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេស្រែពកចំនួន២ភូមិ គឺភូមិ ដីឡូតិ៍ និងភូមិថ្មី ស្ថិតក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី សរុបជាង៥០០គ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងពេលជួបគ្រោះមហន្តរាយនេះ រាជរដ្ឋាភិបាលបានខិតខំអំពាវនាវ ស្វែងរកដៃគូក្នុងការជួយដោះស្រាយរកជំនួយជួយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះមានការគាំទ្រនិងសហការពីអង្គការការីតាស ប្រចាំកម្ពុជា ដែលអង្គការនេះបានឧបត្ថម្ភ គាំទ្រលើវិស័យអប់រំ កសិកម្ម ការគ្រប់គ្រងនឹងឆ្លើយតបគ្រោះមហន្តរាយជាដើម។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះអង្គការីតាស ដែលជានិច្ចកាលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិផ្សេងៗបានទាន់ពេលវេលា ហើយ អំណោយរបស់អង្គការ ការីតាស ពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់របស់ប្រជាពលរដ្ឋពិតៗ។

គួរបញ្ជាក់ថា អំណោយរបស់អង្គការ ការីតាស ដែលបានចែកជូននាពេលនេះ គឺក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី២ដប កៅស៊ូតង់១ មុង១ និងភួយ១។ ដោយឡែក ក្នុងឱកាស នោះ អង្គការ ការីតាស ក៏បានផ្តល់ជូនអាជ្ញាធរស្រុកលំផាត់ នូវសុីទែនទឹកស្អាតចល័តចំនួន៨ ទូកម៉ាសុីនស្មាច់ចំនួន២គ្រឿង បង្គន់អនាម័យចល័តចំនួន៣ ដោយបំពាក់ផ្ទាំងសូឡាសម្រាប់ទុក អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយធម្មជាតិផ្សេងៗកើតឡើងផងដែរ៕ ដោយៈ គតិ យុត្ត

 

 

 

 

 

 


អត្ថបទទាក់ទង