អត្រាអ្នកឆ្លងជំង្ងឺអេដស៍នៅខេត្តស្វាយរៀងថយចុះ
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

ស្វាយរៀង៖ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់ គណៈកម្មាធិការប្រយុទ្ធនឹងជងឺអេដស៍ខេត្តស្វាយរៀង ឆមាសទី២ ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានលើកឡើងថា ទោះបីអត្រាអ្នកឆ្លងជំង្ងឺអេដស៍នៅ ខេត្តស្វាយរៀងមានការថយចុះក៏ពិតមែន តែយើងមិនត្រូវមើលស្រាលនោះទេ ដូច្នេះមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវបន្តសកម្មភាពប្រយុទ្ធនឹងជំង្ងឺអេដស៍ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួម សម្រេចគោលដៅថ្នាក់ជាតិ ៩៥ ៩៥ ៩៥ ឆ្នាំ២០២០ និងឈានទៅលុបបំបាត់ការឆ្លងថ្មីឆ្នាំ២០២៥-២០៣០។

លោកទេសរដ្ឋមន្ត្រី អៀង មូលី លើកឡើងបែបនេះនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដែលមានការចូលពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការសង្គមស៊ីវិល (AHF និងCPN+) អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង៥០នាក់។ លោក អៀង មូលី បានថ្លែងនូវការកោតសរសើរដល់គណៈកម្មាធិការប្រយុទ្ធ នឹងជំង្ងឺអេដស៍ខេត្ត និងអង្គភាពដែលពាក់ពន្ធ័ទាំងអស់នៅក្នុងខេត្ត ដែលបានចូលរួមអនុវត្តន៍ភារកិច្ច និង សកម្មភាពយ៉ាងផុសផុលប្រយុទ្ធនឹងជំង្ងឺអេសដស៍ដែលធ្វើឲ្យអត្រាអ្នកឆ្លងជំងឺនេះ ថយចុះ។

លោក អៀង មូលី បានបញ្ជាក់ថាសិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងសិក្សាស្វែងយល់អំពីស្ថានភាពប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យ នៅថ្នាក់ក្រោមជាតិ តាមរយៈការ ដាក់បញ្ចូលការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ មួយវិញទៀត សូមគណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ និងអ្នកដែលពាក់ពន្ធ័ទាំងអស់ត្រូវណែនាំដល់បណ្តារោងចក្រ កាសុីណូទាំងអស់នៅក្នុងខេត្តស្វាយរៀង កុំរើសអើសចំពោះអ្នកផ្ទុកមេរោគអេដស៍ត្រូវទទួលពួកគាត់ឲ្យបានបម្រើ ការងារនិងជំរុញ លើកទឹកចិត្តដល់ពួកគាត់ឲ្យខិតខំធ្វើការងារ ថែរក្សាសុខភាព ព្រមទាំងលេបថ្នាំប្រឆាំងមេរោគអេដស៍ឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់គ្រូពេទ្យផងដែរ។

បើតាមការបញ្ជាក់ពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបានឲ្យដឹងថា ស្ថានភាពរាលដាលនៃមេរោគអេដស៍ក្នុងខេត្តស្វាយរៀង តាមការ ប៉ាន់ស្មាននិងព្យាករណ៍ នៅឆ្នាំ២០១៩ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន១៧៩១នាក់ ករណីឆ្លងថ្មី ១៤នាក់ និងស្លាប់៧៧នាក់។ ក្នុងការឆ្លើយតបនឹងការបង្ការ និងថែទាំព្យាបាលដល់អ្នកជំងឺ អេដស៍ឆមាសទី១ឆ្នាំ២០១៩នេះ មានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ មានអតិថិជនធ្វើតេស្តចំនួន១២៨២២នាក់ វិជ្ជមានចំនួន៣៣ ករណី និងបានបញ្ជូនទៅទទួលសេវាផ្តល់ឱសថប្រឆាំង មេរោគអេដស៍ចំនួន៣០នាក់ ត្រូវជា៩០ភាគរយ និងអ្នកជំងឺអេដស៍សកម្ម កំពុងទទួលសេវា សរុបមានចំនួន ១៣៩៥នាក់ ក្នុងនេះអ្នកទទួលឱសថប្រឆាំងមេរោគអេដស៍ចំនួន១៣៩៣នាក់  ៩៩ភាគរយ មានបន្ទុកមេរោគទាប  ស្លាប់១៥នាក់ និងលះបង់៥នាក់។

លោកបានបញ្ជាក់ថា បណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំខេត្ត គ្រប់គ្រងអ្នកជំងឺអេដស៍ចំនួន១៣២៧នាក់ ក្នុងនោះ មាន២៣៥គ្រួសារមានបណ័្ណមូលនិធិសមធម៌។យើងទទួលបានលទ្ធផលល្អ នាពេលនេះ  ដោយសារមានការគាំទ្រពីថ្នាក់ជាតិ និងក្រោមជាតិព្រមទាំងអង្គការដៃគូ រួមមាន អង្គការAHF  អង្គការCHC បណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំខេត្ត សាខាកាកបាទក្រហមខេត្ត និងសកម្មភាពចូលរួមរបស់វិស័យឯកជនផងដែរ។ ទន្ទឹមនឹងនោះ យើងក៏មានបញ្ហាប្រឈមមួយចំនួន ដូចជា អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ នៅមានជីវភាពក្រីក្រ ពុំមានពេលវេលា គ្រប់គ្រាន់មកពិនិត្យ  ដោយសារចំណាកស្រុករកការងារ។ អង្គការដៃគូ មួយចំនួនមានកាត់បន្ថយថវិកាពីមួយឆ្នាំទៅមួយឆ្នាំ ដែលពុំមានថវិកាគ្រប់គ្រាន់ក្នុងការអនុវត្តសកម្មភាពឲ្យបានគ្រប់ ជ្រុងជ្រោយ៕