នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជំរុញឱ្យអាជ្ញាធរខេត្ត ត្រូវអនុវត្តន៍អនុសាសន៍ទាំង៤ចំណុចរបស់សម្តេចក្រឡាហោម ស ខេង
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

ព្រះវិហារ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានធ្វើការជំរុញឲ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវអនុវត្តន៍នូវអនុសាសន៍ទាំង៤ចំណុចរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការងារបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩នេះ។ ឯកឧត្តមថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ ក្នុងក៏មានការអញ្ជើញចូល រួមពីសំណាក់ឯកឧត្តមអភិបាលខេត្តស្តីទី គោស៊ុំ ប៊ុនសឿត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត វរនគរបាលការពារ ព្រំដែន អធិការនគរបាលក្រុង ស្រុក ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ថ្លែងបន្តថា សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនៅអនុសាសន៍៤ចំណុច លើការងារបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យអស់ទាំងស្រុង នៅដំណាច់ឆ្នាំ២០១៩នេះ មានដូចខាងក្រោម៖
១)បញ្ចប់ទាំងស្រុងនៅរាល់បទល្មើសគ្រឿងញៀនតាមបណ្តាក្លិបកម្សាន្ត និងសប្បាយដ្ឋាននានា។

២)ត្រូវរឹបអូសបន្តឹងការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ បង្ក្រាប លំហូរគ្រឿងញៀនចូលមកកម្ពុជា នាទិសឦសានតាមព្រំដែនកម្ពុជា-ឡាវ។

៣)ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន។

៤)មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់ឱន ឬអន្តរាគមន៍ចំពោះរាល់បទល្មើសគ្រឿងញៀនជាដាច់ខាត។

សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ ២០១៩ បង្ក្រាបលើខេត្តទាំងបី (ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី) បានចំនួន៨៦ករណី ឃាត់ខ្លួនមនុស្ស បានចំនួន១៧០នាក់ (ស្រីចំនួន២៣នាក់) និងចាប់យកគ្រឿងញៀន បានចំនួន៩២៧៤ក្រាម ក្នុងនោះខេត្តព្រះវិហារ ៣១ករណី ឃាត់ខ្លួនមនុស្សចំនួន៦៧នាក់ (ស្រី៤នាក់) និងចាប់បានគ្រឿងញៀនចំនួន ១១៨ក្រាម៕ ដោយៈ សួន លីណា

 

 

 

 

 


អត្ថបទទាក់ទង