មន្ត្រីកាំកុងត្រូលខេត្តកំពង់ស្ពឺ ចុះអប់រំអ្នកប្រើប្រាស់ផលិតផលនៅផ្សារត្រែងត្រយឹង ឲ្យយល់ដឹងពីសុវត្ថិភាព គុណភាព និងអនាម័យម្ហូបអាហារ
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

កំពង់ស្ពឺ៖ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យទំនិញនៅផ្សារត្រែងត្រយឹង និង តាមបណ្តាស្តង់នានា ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ វេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ច្រែះស៊ី ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់។ ក្រុមការងារ បានឱ្យដឹងថា ទោះបីលទ្ធផល ពុំបានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់មែន តែក្រុមការងារមន្រ្តីរបស់យើង ក៏បានអប់រំណែនាំដល់បងប្អូនក្រុមអាជីវករ និងអ្នកប្រើប្រាស់ម្ហូបអាហារឱ្យយល់ដឹងពីសុវត្ថិភាព គុណភាព និងអនាម័យ នៃចំណីអាហារផងដែរ ជាពិសេស គឺត្រូវតែដាក់តាំងលក់នូវផលិតផល ដែលមានអនុលោមភាព។ ក្រុមការងារ ក៏បានផ្ទៀងផ្ទាត់ទំនិញ រួមជាមួយសម្ភារម្ហូបអាហារ តាមស្តង់នានានៅជុំវិញផ្សារ និងផ្សព្វផ្សាយអំពីផលប៉ះពាល់ ចំពោះសុខភាព ដែលកើតចេញពី ការបរិភោគចំណីអាហារខូចគុណភាពផងដែរ៕