លោក នុត ពុធដារ៉ា នាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ស្ពានថ្ម និងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

ភ្នំពេញ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ  រួមជាមួយព្រះគ្រូចៅអធិការវត្តចំការខ្សាច់សង្កាត់ស្ពានថ្ម ព្រមទាំងមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយទៅចែកជូនដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ស្ពានថ្ម និងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី សរុបចំនួន៧៧គ្រួសារ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ អំណោយដែលត្រូវចែកជូនរួមមានអង្ករ២៥គីឡូក្រាម  មី០១កេស គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ និងថវិកា៣០.០០០រៀល។

លោក នុត ពុធដារ៉ា បាននាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅមូលដ្ឋាន ព្រមទាំងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងសមិទ្ធផលនានាដែលយើងបានឃើញជាក់ស្តែងស្រាប់។ លោកក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាកម្មករក្រុមហ៊ុនស៊ីនទ្រី សូមថែរក្សាសុខភាពឲ្យបានល្អ អនាម័យការរស់នៅ ដើម្បីបន្តមើលការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេស ជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទទាក់ទង