សម្ដេចក្រឡាហោម ស ខេង ផ្ដល់អនុសាសន៍៥ចំណុច លើការងារនីតិកម្មនៅតាមបណ្ដាក្រសួង ស្ថាប័ន
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុច ដល់វេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងតាមអ្វីដែលបានកំណត់។

 

អនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ដែលបានដាក់ចេញក្នុងវេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ រួមមាន៖

 

*ទី១៖ លើកទឹកចិត្តឲ្យរៀបចំវេទិកាស្ដីពីមុខងារនីតិកម្ម និងការងារកំណែទម្រង់រាជរដ្ឋាភិបាលនេះ ជាទៀងទាត់រយៈពេល១ឆ្នាំម្ដង ដើម្បីឲ្យក្លាយជាអភិក្រមមួយ សម្រាប់ការប្រមូលផ្ដុំគំនិត និងការចែករំលែកបទពិសោធន៍ល្អៗ ដើម្បីស្វែងរកនូវដំណោះស្រាយរួមគ្នា លើការងារកំណែទម្រង់ និងការងារនីតិកម្ម។

 

*ទី២៖ ស្នើដល់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សហការជាមួយលេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៤ និងអង្គភាពនីតិកម្មនៃក្រសួង ស្ថាប័នានានា ដើម្បីយកលទ្ធផលនៃវេទិកានេះទៅជជែកពិភាក្សារៀបចំយន្ដការ និងវិធានការនានាដើម្បីបង្កើនប្រសិទ្ធភាព ការងាររបស់រាជរដ្ឋាភិបាល ជាពិសេសការងារកំណែទម្រង់ និងការងារនីតិកម្ម។

 

*ទី៣៖ យើងបានទទួលស្គាល់ទាំងអស់គ្នាថា មុខងារនីតិកម្មពិតជាមានភាពចាំបាច់ក្នុងការគាំទ្រ ដល់កំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ននីមួយៗ ត្រូវរៀបចំឲ្យមានយន្ដការស្ថាប័នជាក់លាក់សម្រាប់ទទួលបន្ទុក ការងារនីតិកម្ម ដើម្បីចូលរួម និងគាំទ្រដល់ការងារកំណែទម្រង់ស្នូលទាំង៤ និងកំណែទម្រង់តាមវិស័យនីមួយៗ។

 

*ទី៤៖ ដើម្បីធានាបាននូវការងារចូលរួមយ៉ាងសកម្ម និងការគាំទ្រប្រកបដោយប្រសិទ្ធភាព ដល់ការងារកំណែទម្រង់ អង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ននីមួយៗចាំបាច់ ត្រូវពង្រឹងសមត្ថភាព អង្គភាពរបស់ខ្លួន ត្រូវមានរបៀបរបបការងារច្បាស់លាស់ និងមានផែនការសកម្មភាពជាក់លាក់។

 

និងទី៥៖ ក្រសួង ស្ថាប័នអង្គភាពនីតិកម្ម នៃក្រសួង ស្ថាប័ននីមួយៗ ត្រូវបន្ដខិតខំពិនិត្យ និងតំរិមគោលនយោបាយ យុទ្ធសាស្ដ្រ និងលិខិតបទដ្ឋាន គិតយុត្តិ ក្នុងវិស័យរបស់ខ្លួនឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងកំណែទម្រង់ស្នូលទាំង៤របស់រាជរដ្ឋាភិបាល៕


អត្ថបទទាក់ទង