ឃាតករដែលកាប់បុរសម្នាក់ស្លាប់ នៅស្រុកកៀនស្វាយ គឺផ្តើមចេញពីរឿងគំនុំ
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

កណ្តាល៖ ករណីឃាតកម្មកាប់សម្លាប់នៅស្រុកស្អាង ឃាតករបានឆ្លើយសារភាពហើយ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការសាកសួរអស់រយៈពេលពីរថ្ងៃ។ លោកវរសេនីយ៍ ចៅ វុទ្ឍី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មានយើងមុននេះបន្តិចថា ដើមចមបណ្តាលឲ្យឃាតករកាប់សម្លាប់ជនរងគ្រោះយ៉ាងសាហាវនោះ គឺឃាតករសារភាពថា សងសឹកគំនុំចាស់ដែលធ្លាប់មានទំនាស់ពេលទៅធ្វើការនៅប្រទេសថៃ និងជនរងគ្រោះវាយខ្លួននៅកន្លែងបុកប៊ីយ៉ែរ ហើយឌឺដងស្ទើររាល់ថ្ងៃ ទើបខ្លួនទ្រាំលែងបាន។ លោកបន្ថែមទៀតថា ឃាតករនឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។

គួររំលឹកថា ហេតុការណ៍កាប់សម្លាប់បានកើតឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅក្បែរផ្លូវលំខាងជើងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ពត ហ៊ង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិលេខ៣ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ងន សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ នៅថ្ងៃកើត ជនរងគ្រោះបានយកលុយចំនួន២៩០,០០០រៀល ទៅទិញអាគុយនៅផ្សារព្រែកថ្មី ស្រុកកៀនស្វាយ មកប្រើប្រាស់ហើយ ក៏បាត់រហូតដល់ម៉ោងប្រហែលជា១១និង៣០នាទី ជនរងគ្រោះបានទូរសព្ទមកប្រាប់ប្រពន្ធថា ខ្លួនត្រូវគេកាប់ហើយ នៅដេកក្បែរផ្លូវខាងជើងភូមិលេខ៥។ ភ្លាមៗនោះប្រពន្ធជនរងគ្រោះ បានជិះម៉ូតូឌុបមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះដេកខ្លួនប្រឡាក់សុទ្ធតែឈាម។ បន្ទាប់មកបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ឃុំគគីរធំ ស្រុកកៀនស្វាយ ប៉ុន្តែពេលទៅដល់ជនរងគ្រោះ ស្លាប់បាត់ទៅហើយ។

ករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា ជាករណីឃាតកម្ម មូលហេតុ គំនុំ។ យោងតាមលទ្ធផលពិនិត្យសាកសព មានស្នាមរបួស៦កន្លែង ស្នាមរបួសលើបន្ទូលក្បាលប្រវែង៨ស.មx២,៥ស.ម ដល់លលាដ៏ របើកស្បែកក្បាល របួសលើដើមទ្រូង ខាងឆ្វេងប្រវែង២១ស.ម x ៧ស.ម ជម្រៅដល់ក្នុង លើកំភួនដៃខាងក្រោយខាងឆ្វេងមុតដាច់ដល់ឆ្អឹងប្រវែង ១២ស.ម x ១២ស.ម លើកួយដៃខាងឆ្វេងមានបែកនិងបាក់ឆ្អឹងរបួសកែងដៃខាងឆ្វេង មានជាប់ស្មៅរបួសលើឆ្អឹងស្លាបប្រចៀវ ខាងស្តាំប្រវែង២១ស.ម x ៦,៥ស.ម ជម្រៅដល់ក្នុង។ បច្ចុប្បន្នជនសង្សយ័ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណំរឿងចាត់ការតាមនីតិវិធីច្បាប់៕ធ.ដ

ដោយៈ ខាត់ សុខឿន


អត្ថបទទាក់ទង