អភិបាលខណ្ឌច្បារអំពៅ បើកវេទិការសាធារណៈជាមួយប្រជាពលរដ្ឋ នៅសង្កាត់ព្រែកថ្មី
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

ភ្នំពេញ៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ សមត្ថកិច្ច និងស្វែងយល់ពីតម្រូវការពីទុក្ខកង្វល់ រួមទាំងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយទៅតាមលទ្ធភាព នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅភូមិព្រែថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ក្នុងវេទិកានេះលោកអភិបាលខណ្ឌ បានស្តាប់ និងស្រាយបំភ្លឺ ដោះស្រាយ ពីសំណើ សំណួរ សំណូមពរ កង្វល់នានារបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានធ្វើការផ្សព្វផ្សាយពីការបម្រើសេវាតាមយន្តការការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ សេវាវិស័យពន្ធដារ (ពន្ធអចលនទ្រព្យ) និងការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ក្នុងឱកាសនោះផងដែរ។

បន្ថែមលើនេះទៀត ដើម្បីអនុវត្តន៍គោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព លោកអភិបាលខណ្ឌបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ និងនគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារ និងអ្នកជិតខាង ដើម្បីសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេល។ ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានាជាប្រចាំ ក៏ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពីសំណាក់ជនអាក្រក់មួយចំនួន៕ធ.ដ


អត្ថបទទាក់ទង