សម្ដេចតេជោ ហ៊ុន សែន សូមឱ្យក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុក ដាក់ខ្ពស់ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ ជូនដល់បងប្អូនដែលកំពុងរងគ្រោះ ដោយសារគ្រោះទឹកជំនន់
ថ្ងៃ សៅរ៏ ទី ១០ ខែ សីហា ឆ្នាំ ២០១៩

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាគ្រោះទឹកជំនន់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមព្យាករណ៍អាកាសធាតុ គឺមានភ្លៀងបង្អុរចុះមកនៅតាមតំបន់នៃខេត្តមួយចំនួន ជាពិសេស ខេត្តជាប់តំបន់សមុទ្រ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពបងប្អូន។ សម្ដេចតេជោ បន្តថា ទន្ទឹមនឹងនេះ សូមបងប្អូនតាមដានព័ត៌មានជាប្រចាំ ហើយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើនេសាទ និងក្នុងពេលបើកបរតាមដងផ្លូវទៅតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងជំនន់ ទឹកភ្លៀង។

ជាមួយនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏សូមក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាខាងលើនេះ។ សម្ដេចក៏បានជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា ហើយសូមបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ៕ធ.ដ


អត្ថបទទាក់ទង