ឯកឧត្តម ស៊ុន ចាន់ថុល ណែនាំឲ្យស្ថាបនិកគម្រោងកម្មវិធីទូរសព្ទដៃស្មាតហ្វូន«តោះទៅ» ខិតខំរកដៃគូសហការ និងវិនិយោគ ដើម្បីបង្កើនប្រជាប្រិយភាពឱ្យបានខ្ពស់ លើទីផ្សារជាតិ និងអន្តរជាតិ
ថ្ងៃ ពុធ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩

ក្នុងឱកាសដែលលោក ប៊ុន ច័ន្ទតារាវ័ន្ត និងលោក ប៊ុន តារាវីន ដែលជាស្ថាបនិកកម្មវិធី TOS TOV App សម្រាប់ប្រើប្រាស់លើទូរសព្ទដៃស្មាតហ្វូន ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងការកោតសរសើរចំពោះស្នាដៃ និងសមត្ថភាពកូនខ្មែរដែលមានគំនិតផ្ដួចផ្ដើម និងបង្កើតឱ្យមានកម្មវិធីនេះឡើង ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមស្ថាបនិកទាំងពីរ ខិតខំបន្ថែមទៀតពិនិត្យលើចំណុចខ្លាំង និងចំណុចខ្សោយរបស់គម្រោងកម្មវិធីខ្លួន ដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារ ខណៈបច្ចេកវិទ្យាព័ត៌មានកំពុងមានការរីចម្រើនឥតឈប់ឈរនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យស្ថាបនិបគម្រោងទាំងពីរនេះ ត្រូវខិតខំរកដៃគូសហការ និងវិនិយោគផងដែរ ដើម្បីជំរុញគំនិតផ្តួចផ្តើមនេះ កាន់តែទទួលបានភាពជោគជ័យ និងប្រជាប្រិយភាពខ្ពស់លើទីផ្សារជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែក ធ្វើឱ្យវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មកម្ពុជា មានការីកចម្រើនកាន់តែប្រសើរផងដែរ ។

នៅក្នុងជំនួបនោះ ស្ថាបនិកទាំងពីរ លើកឡើងថា TOS TOV App ជាកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើប បង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់ ក្នុងគោលបំណងដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ជាមួយមុខងារ TOS GO របស់កម្មវិធីនេះ បានផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរស្វែងរកសេវាតាក់ស៊ី ជារថយន្ត និងម៉ូតូកង់បី ដែលនៅជិតអ្នកប្រើប្រាស់កម្មវិធីនេះ។

ជាមួយមុខងារដែលបង្ហាញព័ត៌មានលើផែនទី បានផ្តល់លទ្ធភាពភ្ជាប់ទំនាក់ទំនងផ្ទាល់ និងបញ្ជូនព័ត៌មានភ្លាមៗ រវាងអ្នកបើកបរតាក់ស៊ី និងអ្នកប្រើប្រាស់ដែលកំពុងស្វែងរកសេវាដឹកជញ្ជូនអ្នកដំណើរ។ កម្មវិធីនេះ ក៏មានមុខងារ TOS EAT អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចកុម្ម៉ង់ទិញម្ហូបអាហារ តាមអាហារដ្ឋាននានាជាដៃគូជាច្រើន នៅក្នុងកម្មវិធីតែមួយផងដែរ ហើយម្ហូបអាហារទាំងនោះ នឹងត្រូវបានភ្នាក់ងារដឹកជញ្ជូនមកដល់ទីកន្លែងអ្នកកុម្ម៉ង់តែម្តង៕ធ.ដ