ចំនួនអ្នកស្លាប់កើនឡើងជិត៥០នាក់ ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងធ្លាក់ ចូលជ្រោះនៅក្នុងប្រទេសឥណ្ឌា
ថ្ងៃ ច័ន្ទ ទី ០២ ខែ កក្កដា ឆ្នាំ ២០១៨

ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឥណ្ឌាបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ ជីវិត ដោយសារគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរអិលធ្លាក់ចូលក្នុង ជ្រោះមួយដ៏ជ្រៅនៅរដ្ឋ អុតតារ៉ាក់ខាន់ ភាគខាងជើងប្រទេស កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានបន្តកើនឡើងដល់៤៨នាក់ហើយ ។
យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងនេះបានជួបគ្រោះថ្នាក់ធ្លាក់ជ្រោះក្នុងរយៈកម្ពស់ប្រហែល ៣០០ ម៉ែត្រ ក្រោយរត់ចេញពីផ្លូវនៅតំបន់ភ្នំមួយកន្លែងកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ហើយ បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសឥណ្ឌានោះ អ្នកបើកបរ និងអ្នកដំណើរ១២ នាក់បានទទួលរងរបួស ។

ប៉ូលីសឥណ្ឌាបានបញ្ជាក់បន្ថែមទៀតថា ផ្លូវដែលរថយន្ត ក្រុងនេះធ្វើដំណើរ គឺមិនមានរនាំងនោះទេ ហើយឧប្បទ្ទវហេតុនេះ ទំនងជាកើត ឡើងដោយសារតែរថយន្តក្រុងបើករអិលទឹកភ្លៀង ។ ប៉ុន្តែយ៉ាងណាមិញនេះ ករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ។

គួរបញ្ជាក់ផងដែរថា ឥណ្ឌា គឺជាប្រទេសមានចំនួនអ្នកស្លាប់ ដោយសារហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយពលរដ្ឋឥណ្ឌា ប្រហែល១៥០.០០០នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ខណៈគ្រោះថ្នាក់ជាច្រើន បានកើតឡើងដោយសារការបើកបរដោយមិនប្រុងប្រយ័ត្ន និងកង្វះរនាំងការពារ សុវត្ថិភាព ក៏ដូចជាបញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ៕

អត្ថបទទាក់ទង