ក្រុមជួយសង្គ្រោះថៃ និងអន្តរជាតិបង្កើនការរុករកបន្ថែមទៀត ដោយត្រូវមុជទឹក ចូលក្នុងរូងភ្នំរាប់គីឡូម៉ែត្រ ដើម្បីបន្តស្វែងរកអ្នកបាត់ខ្លួនទំាង១៣នាក់
ថ្ងៃ ច័ន្ទ ទី ០២ ខែ កក្កដា ឆ្នាំ ២០១៨

ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមមុជទឹកថៃ និងអន្តរជាតិបាន ឈានដល់ចម្ងាយប្រមាណ២ទៅ៣គីឡូម៉ែត្រហើយ នៅក្នុងរូងភ្នំដែលមានទឹកជំនន់ ហូរចូល ដែលជាទីកន្លែងក្មេងៗកីឡាករបាល់ទាត់១២នាក់ និងគ្រូបង្វឹកម្នាក់របស់ ពួកគេបានជាប់នៅក្នុងនោះអស់រយៈពេល១សប្តាហ៍មកហើយ ដែលបានផ្តល់នូវក្តី សង្ឃឹមដ៏តិចតួចបំផុតសម្រាប់ការរុករកនេះ ។

ស្របពេលជាមួយគ្នានោះដែរ មេបញ្ជាការកងទ័ពជើងទឹកថៃលោក អាប៉ាខន យូគង់ កាវ បានសន្យាយ៉ាងមុតមំាថា នឹងបន្តចេញប្រតិបត្តិការរុករកបន្ថែមទៀត រហូត ទាល់តែរកឃើញក្មេងៗទំាង១២នាក់ និងគ្រួបង្វឹកកីឡាបាល់ទាត់ម្នាក់ទៀតត្រូវបាន រកឃើញ បើទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គលំបាកយ៉ាងណាក្តី ។ រហូតមក ទល់ពេលនេះ មិនមានការទាក់ទងណាមួយពីក្រុមក្មេងៗទាំងនោះនៅឡើយទេ ហើយបើតាមសេចក្តីរាយការណ៍នោះ ក្មេងៗដែលកំពុងបាត់ខ្លួនដោយអាថ៌កំបាំង នេះ មានអាយុចាប់ពី១១ដល់១៦ឆ្នាំ និងគ្រូបង្វឹករបស់ពួកគេម្នាក់ទៀត ចាប់តាំងពី បាននាំគ្នារុករកនៅក្នុងរូងភ្នំ ថាមលួង នងណុន ដែលស្ថិតនៅភាគខាងជើងប្រទេស កាលពីសប្តាហ៍មុន និងបានរារាំងមិនអាចចេញមកបានវិញ ដោយសារតែមានភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង ដោយបិទច្រកចូលរូងភ្នំនោះ ។ ក្រៅពីនេះ គេឃើញពលរដ្ឋថៃ បានធ្វើការបួងសួង និងសុំការខមាលទោសដល់ម្ចាស់ភ្នំផងដែរ ដើម្បីឲ្យធ្វើការដោះ លែងអ្នកបាត់ខ្លួនទាំងអស់អោយមកផ្ទះរបស់ពួកគេវិញ ដែលជាជំនឿអរូបិយមួយ របស់ពលរដ្ឋទាំងនៅក្នុងតំបន់ និងក្នុងទីក្រុងរបស់ប្រទេសថៃ ។

សូមជម្រាបថា រូងភ្នំ ថាមលួង នងណុន ជារូងភ្នំមួយដែលមានជម្រៅជ្រៅជាងគេ លំដាប់លេខ៤ ក្នុងចំណោមរូងភ្នំដែលជ្រៅបំផុតនៅក្នុងប្រទេសថៃ និងជារូងភ្នំស្ថិត ក្នុងភាពអាថ៌កំបាំងមួយ ដែលមិនធ្លាប់មានការរុរកច្បាស់លាស់ពីមុននោះទេ ៕

អត្ថបទទាក់ទង