នាយករដ្ឋមន្រ្តីថៃធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីតំាងរូងភ្នំនៅខេត្តឈៀងរ៉ៃ ដែល ជាទីក្មេងៗទំាង១២នាក់ និងគ្រួបង្វឹកបាល់ម្នាក់កំពុងបាត់ខ្លួននៅឡើយ
ថ្ងៃ សុក្រ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើដំណើរទស្សនៈកិច្ច ដោយផ្ទាល់ទៅដល់កន្លែងកើតហេតុ ដើម្បីចូលរួមផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារ ដែលបានបោះជំរុំចំនួន២នៅខាងក្រៅរូងភ្នំនោះ ចាប់តាំងពីក្រុមក្មេងៗបាត់ខ្លួន កាលពីថ្ងៃ សៅរ៍ កន្លងទៅនេះ ។

ប៉ូលីសសង្គ្រោះថៃនៅថ្ងៃ សុក្រ នេះដែរ បានទំលាក់ប្រអប់សង្គ្រោះជីវិតរាប់សិប កញ្ចប់ទៅក្នុងរន្ធនានានៃល្អាងភ្នំ Tham Luang ដោយសង្ឃឹមថា កញ្ចប់នោះនឹង ទៅដល់អ្នកទាំង១៣ ដែលបានជាប់នៅក្នុងល្អាងអស់រយៈពេល៧ថ្ងៃមកហើយ ។ កញ្ចប់នេះ រួមមាន អាហារ ផែនទី និង ទូរសព្ទ័ដៃ វត្ថុបំភ្លឺផ្លូវ ហើយនៅក្នុងនោះ ក៏មានសារ ដែលសរសេរប្រាប់អោយអ្នកបាត់ខ្លួនទាំងនោះ តេទូរសព្ទ័មកក្រុម សង្គ្រោះ ដើម្បីបញ្ជាក់ពីទីតាំងរបស់ពួកគេ។

សមាគមខួងអណ្តូងទឹកថៃ បានរាយការណ៍នៅក្នុងថ្ងៃ សុក្រ នេះថា ឧបករណ៍ខួង អណ្តូងត្រូវបានដាក់ឲ្យដំណើរហើយ នៅក្នុងប្រតិបត្តិការដុតដៃដុតជើងមួយ ដើម្បី តាមរុករកយុវជនកីឡាករបាល់ទាល់ចំនួន១២នាក់ រួមទាំងជំនួយការគ្រូបង្វឹកម្នាក់ របស់ពួកគេ ដែលបានបាត់ដំណឹងយ៉ាងអាថ៌កំបាំងនៅក្នុងល្អាងភ្នំ ដែលត្រូវទឹកជន់ លិចនៅខេត្តឈៀងរ៉ៃ ។ ម៉ាស៊ីនចល័តសម្រាប់ខួងធំៗចំនួន៥គ្រឿងត្រូវបានដាក់ដំណើរការនៅកន្លែងកើតហេតុ ខណៈអាជ្ញាធរថៃបានជ្រើសរើសកន្លែងដែលប្រសើរបំផុត ដើម្បីខួងបើកផ្លូវទឹកឲ្យហូរចេញពីល្អាងភ្នំបានរហ័សជាងមុន ប៉ុន្តែវាពុំមែនជារឿងងាយស្រួលនោះឡើយ ។

សូមរំលឹកថា ចាប់តំាងពីយប់ថ្ងៃ ព្រហស្បតិ៍ត ម្សិលមិញនេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តដដែល បន្ទាប់ពីបានការផ្អាកមួយរយៈខ្លី ហើយមិនទាន់មាន តម្រុយអ្វីគួរអោយកត់សម្គាល់នោះឡើយ ដោយគ្រាន់តែក្រុមសង្គ្រោះបានឃើញ ដានជើងមនុស្ស និងស្បែកជើង ព្រមទាំងវត្ថុប្រើប្រាស់មួយចំនួន ដែលគេជឿជាក់ ថា ជារបស់ក្រុមកីឡាករ និងគ្រូបង្ហាត់ទាំង១៣នាក់នោះ ៕

អត្ថបទទាក់ទង